Toyota 4Runner 2025 កែរាងថ្មីជាលើកដំបូង និងមកជាមួយម៉ាស៊ីន Hybrid
ទីបំផុត Toyota បានបញ្ចេញជាផ្លូវការរថយន្ត SUV 4Runner 2025 ដែលបានកែរូបរាងថ្មីជាលើកដំបូងក្នុងរយៈពេល ១៥ឆ្នាំ។ អ្វីដែលគួរឱ្យកត់សម្គាល់ជាងនេះទៀត គឺវាមកជាមួយជម្រើសម៉ាស៊ីន Hybrid ទៀតផង។

បើមើលទៅផ្នែកខាងមុខ គឺស្រដៀងនឹងភីកអាប់ Tacoma ស៊េរីថ្មី ហើយបើទោះបីជា 4Runner នេះ មិនមែនជាភីកអាប់ក៏ដោយ ពោលវាគឺជា SUV ដែលផ្តោតទៅលើផ្លូវ Off-road ផងដែរ។

លោក Dave Christ អនុប្រធានក្រុមហ៊ុន Toyota Group បានឱ្យដឹងថា រថយន្ត All-new 4Runner នេះ មានសមត្ថភាពខ្លាំងមិនគួរឱ្យជឿ ក្នុងចំណោមគ្រួសារ Truck។ ក្រុមហ៊ុនលក់ 4Runners បានជាង ៣លានគ្រឿង ក្នុងរយៈពេល ៤០ឆ្នាំ ហើយសម្រាប់ម៉ូឌែលជំនាន់ទី៦នេះ ផ្តល់រូបរាងថ្មី និងលក្ខណៈពិសេស ដល់ការបើកបរបែបផ្សងព្រេង។
រថយន្ត 4Runner 2025 ត្រូវបានទម្លាក់ពីម៉ាស៊ីន V6 មកប្រើម៉ាស៊ីនស៊ីឡាំង៤ ទាក់បូ i-Force និង Hybrid i-Force MAX ចំណុះ ២,៤លីត្រដូចគ្នា។ សម្រាប់ម៉ាស៊ីន i-Force គឺផលិតបានកម្លាំង ២៧៨សេះ និងកម្លាំងរមួល ៤២៩ញូតុនម៉ែត្រ ខណៈ Hybrid i-Force MAX ផលិតបានកម្លាំងធំជាងនេះ គឺ ៣២៦សេះ និង ៦២៩ញូតុនម៉ែត្រ។

ចំពោះតម្លៃរបស់រថយន្តនេះ ក្រុមហ៊ុន Toyota មិនទាន់ប្រកាសឱ្យដឹងនៅឡើយ តែគេរំពឹងថា នឹងមានតម្លៃចាប់ពី ៤ម៉ឺន ដល់ ៦ម៉ឺនដុល្លារនៅទីផ្សារអាមេរិក៕